នៅរសៀលថ្ងៃអង្គារ៍ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤។មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ខេត្តកណ្តាល បានរៀបកិច្ចប្រជុំ ផ្សព្វផ្សាយ សារាចរ ណែនាំ លេខ ០១៣ សហវ .ស រ អថ ចុះថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ច្បាប់ ហិរញ្ញវត្ថុ សម្រាប់ ការ គ្រប់គ្រង ហិរញ្ញវត្ថុ ឆ្នាំ២០២៤ ក្រោយអធីបតីភាពឯកឧត្តម នូវប៉េង ច័ន្ទ តារា អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ដោយមានការអញ្ជញចូលរួម ពី តំណាង អគ្គនាយកដ្ឋាន ថវិកា នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកស្រី អនុប្រធានរតនគារខេត្ត លោក លោកស្រីជាគណនេយ្យ មន្ទីរ ជំនាញ ជុំវិញ ខេត្ត។
ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ សារាចរណែនាំនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ ដើម្បីផ្សារភ្ជាប់ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានជាសារវ័ន្ត ។សារាចរណែនាំនេះជាឧបករណ៍ និងតម្រង់ទិសដៅការងារសម្រាប់ គ្រប់បណ្តាមន្ទីរ ត្រូវយកចិត្តទុកដាក់ ធ្វើការសិក្សាឱ្យបានស៊ីជម្រៅដើម្បីធានា ឲ្យការអនុវត្តថវិការបស់ខ្លួន ស្របតាមនីតិវិធីច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវរៀបចំឲ្យមានយន្តការសម្របសម្រួលលើកិច្ចការផ្ទៃក្នុង អំពីតួនាទីរបស់ការិយាល័យជំនាញពាក់ព័ន្ធ ដែលបានធ្វើសមាហរណកម្ម ព្រមទាំងដាក់ចេញនៅគោលការណ៍ណែនាំផ្ទៃក្នុងដើម្បីដោះស្រាយ បញ្ហាប្រឈមដែលកើតឡើងក្នុងប្រតិបត្តិការចំណូល-ចំណាយថវិកា។